​មហា​បាតុកម្ម​ជិត​មួយ​លាន​នាក់ នៅ​ក្រុង​ហុងកុង ដើម្បី​ប្រឆាំងនឹង​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ជនជាប់សង្ស័យ ទៅកាន់​ចិនដីគោក ដើម្បី​កាត់ទោស​

​នៅ​ថ្ងៃអាទិត្យ​ទី ៩ មិថុនា​២០១៩​នេះ មាន​មហា​បាតុកម្ម​មួយ​បានរៀបចំ​ឡើង នៅក្នុង​ហុងកុង ដើម្បី​ប្រឆាំងនឹង​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ជនជាប់សង្ស័យ ទៅកាន់​ចិនដីគោក ដើម្បី​កាត់ទោស​។ សម្រាប់​អ្នកច្បាប់ និង​សកម្មជន​ប្រជាធិបតេយ្យ គម្រោង​ច្បាប់​នេះ​គឺជា​តំណាង​គ្រោះថ្នាក់ និង​ជា​ច្បាប់​សម្លាប់​សេរីភាព​។ សម្រាប់​ជន​ហុងកុង​ភាគច្រើន ច្បាប់​នេះ​គឺ ការរិះគន់​ប្រឆាំង កាន់តែ​រីក​ធំធាត់​ខ្លាំង​ទៀត ដោយហេតុតែ​រដ្ឋាភិបាល​បានបង្ហាញ​ចេតនា​ចង់​ធ្វើ​វិសោធនកម្ម​និង​អនុម័ត​ច្បាប់​ធ្វើឱ្យបាន​លឿន​រហ័ស​។​

​ប៉ូលិស​វិញ បាន​ត្រៀមកម្លាំង​រក្សា​សន្តិសុខ ជាង​២០០០​នាក់ ពោល​គឺជា​ទម្រង់​បាតុកម្ម​ដ៏​ធំ ដែល​ពុំ​ធ្លាប់​កើតមាន​ឡើយ​តាំងពី​១៥​ឆ្នាំ​មក​។ ចំណែក សមាសភាព​បាតុករ​លើ​ក​នេះ មិន​មែនមាន​ត្រឹមតែ​ជា​ក្រុមសិស្ស​និស្សិត និង​សកម្មជន​ប្រជាធិបតេយ្យ​ទេ តែ​ជា​បណ្តាជន​ហុងកុង​គ្រប់​ស្រទាប់វណ្ណៈ មាន​តាំងពី​ក្រុម​អ្នកជំនួញ មេធាវី អ្នកច្បាប់ អ្នក​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​សហគមន៍​សាសនា​ទៀត​។​

​មុននឹង​ឈានដល់​មានការ​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នេះ បក្សប្រឆាំង​និង​សង្គម​ស៊ី​វី​ល​បាន​ចាប់​ស្រែក​ប្រឆាំងនឹង​រដ្ឋាភិបាល​តាំងពី​ប៉ុន្មាន​ខែ​មកហើយ​។ កាលពី​ចុងខែ​មេសា​មាន​បាតុករ​ប្រមូលគ្នា​បាន​ប្រមាណ​ជាង​ពីរម៉ឺន​នាក់​ចុះ​ថ្នល់​។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៦ មិថុនា អ្នកច្បាប់​និង​មេធាវី ប្រមាណ​ពី​២៥០០​នាក់​ទៅ​បី​ពាន់​នាក់ ក្នុង​សម្លៀកបំពាក់​ស​ខ្មៅ បាននាំគ្នា​ដើរ​ដង្ហែ​ក្បួន​យ៉ាង​ស្ងៀមស្ងាត់ គ្មាន​បដា គ្មាន​ជ័យ​ឃោស​អ្វី​ទាំងអស់ ពី​តុលាការ​ទៅដល់​វិមាន​រដ្ឋាភិបាល ដោយ​ឈរ​ស​ម្រួ​ម​គារវកិច្ច​បី​នាទី​ផង​។​

​គម្រោង​ច្បាប់ ដែល​ស្នើឡើង​ដោយ​រដ្ឋាភិបាល​ហុងកុង​ស្និទ្ធ​នឹង​ក្រុង​ប៉េកាំង​នេះ គឺជា​ការគំរាមកំហែង​សិទ្ធិសេរីភាព និង​ឯករាជភាព​នៃ​ប្រព័ន្ធតុលាការ​ហុងកុង​។ ច្បាប់​នេះ​កំពុង​ធ្វើឱ្យ​ពិភព​ពាណិជ្ជកម្ម​និង​អ្នកជំនួញ អាមេរិក ហុងកុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ជា​សរុប​ច្បាប់​នេះ​មិនមែនជា​រូបភាព​ល្អ​ទេ​សម្រាប់​ហុងកុង​ដែល​ល្បីឈ្មោះ​ជា​ក្រុង​ហិរញ្ញវត្ថុ​អន្តរជាតិ​ឡើយ​។​

​អ្នក​ហុងកុង​ព្រួយបារម្ភ​និង​យល់ថា​ជា​បញ្ហា​អាសន្ន​បំផុត​នោះ ព្រោះ​ពួកគេ​គិតថា តាមរយៈ​ច្បាប់​ថ្មី​នេះ ចិន​អាច​ទាមទារ​ធ្វើ​បត្យាប័ន នូវ​រាល់​គ្រប់​ជនសង្ស័យ​ណា​ក៏បាន រាប់ទាំង​សកម្មជន​ប្រជាធិបតេយ្យ​ផង យកទៅ​កាត់ទោស​នៅ​ប៉េកាំង ឬ​ចិនដីគោក ដែលមាន​ប្រព័ន្ធតុលាការ​បែប​កុ​ម្មុនិ​ស្ត គ្មាន​តម្លាភាព​។​


​ ​
​ចិន​បាន​លូកដៃ​កាន់តែ​ជ្រៅ​ខ្លាំង​! គោលការណ៍ « ប្រទេសមួយ​ប្រព័ន្ធ​នយោបាយ​ពីរ » កំពុង​ចាប់​សាបរលាប ដូច​អ្វីដែល រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ធ្លាប់​ព្រលយ​កាលពី​ខែមិថុនា ឆ្នាំ​២០១៧​ថា សេចក្តីថ្លែងការណ៍​ចិន​-​អង់គ្លេស កំណត់​យក​គោលការណ៍ “​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​” នៅ​ហុងកុង លែង​សម​នឹង​កាលៈទេសៈ​ហើយ​។ ស្វ័យភាព​ហុងកុង ហូរ​ជ្រុះ​បន្តិច​ម្តងៗ​។ ពលរដ្ឋ​ហុងកុង​ដែល​ឥលូវ​មាន​ទម្លាប់​និយាយថា ប្រទេសមួយ​ប្រព័ន្ធ​មួយ​កន្លះ កំពុង​ភ័យ​ថា យូរ​និង​ឆាប់ នឹង​មានតែ “​ប្រទេសមួយ ប្រព័ន្ធ​មួយ​”​។​

​ហុងកុង​អតីត​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស ត្រូវបាន​បង្វិល​មកឱ្យ​ចិន​ពេញ​កាលពី​ឆ្នាំ​១៩៩៧ ដោយ​ផ្អែកលើ​គោលការណ៍ “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​” ពោលគឺ​ហុងកុង ត្រូវ​ស្ថិតនៅ​ជា​តំបន់​មាន​ស្វ័យភាព​ពេញលេញ សិទ្ធិសេរីភាព​ជា​មូលដ្ឋានគ្រឹះ​របស់​មនុស្ស​ជាតិ និង​មាន​ប្រព័ន្ធតុលាការ​ដាច់ដោយឡែក​ពី​ប្រទេស​ចិន រហូតដល់​ឆ្នាំ ២០៤៧ ៕ បូ​ពា៍​

Leave a Reply

Your email address will not be published. Required fields are marked *