សម្ដេច​តេជោ ហ៊ុន​ សែន​ ចេញច្បាប់ថ្មី​ ចាប់ពីពេលនេះទៅ ម្ចាស់ដែលលក់ឡានហេីយ​ អាចដោះផ្លាកលេខទុកសម្រាប់ប្រេីឡានក្រោយៗទៀតពេញមួយជីវិត…

ចាប់ពីពេលនេះ​តទៅ អ្នក​ដែល​ចង់​ប្ដូរ​រថយន្ដ​ថ្មី អាចមាន​សិទ្ធិ​ស្នើសុំ​រក្សា​ផ្លាកលេខ​សម្គាល់​យានជំនិះ​របស់ខ្លួន​បាន​ហើយ​។ នេះ​បើតាម​អនុក្រឹត្យ ស្តីពី​ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យានជំនិះ ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បណ្ដាញ​ព័ត៌មាន Fresh News ទទួលបាន​នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ ។

​យោងតាម​មាត្រា​២២ ក្នុង​អនុក្រឹត្យ​បាន​បញ្ជាក់ថា «​ម្ចាស់​កម្មសិទ្ធិ​យានជំនិះ មាន​សិទ្ធិ​ស្នើសុំ​រក្សា​លេខ​ចុះបញ្ជី​យានជំនិះ ដែល​កំពុង​ប្រើប្រាស់ សម្រាប់​ចុះបញ្ជី​លើ​យានជំនិះ​ថ្មី​របស់ខ្លួន​បាន ស្របតាម​បែបបទ និង​នីតិវិធី​នៃ​ការចុះបញ្ជី​យានជំនិះ ការផ្តល់​ផ្លាកលេខ​សម្គាល់​យានជំនិះ និង​ការ​លុប​ចេញពី​បញ្ជី​យានជំនិះ និង​ត្រូវ​បង់​កម្រៃ​សេវាសាធារណៈ ដែល​កំណត់ដោយ​ប្រកាស​អន្តរក្រសួង រវាង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​»​។​

លើសពីនេះ នៅក្នុង​អនុក្រឹត្យ​ថ្មី​នេះ ក៏បាន​បញ្ជាក់​ពី​ការអនុញ្ញាតឱ្យ​ម្ចាស់​យានជំនិះ អាចធ្វើ​ផ្លាកលេខ​ពិសេស ទៅតាម​ការចង់បានរ​បស់​ខ្លួន​ផងដែរ ។​ ហើយផ្លាកលេខ​ពិសេស​នេះ គឺ​ម្ចាស់​យានយន្ត​អាច​កំណត់​អក្សរ ឬ​លេខ​ទៅតាម​អ្វីដែល​ខ្លួន​ចង់បាន ហើយក៏​អាច​យក​ផ្លាកលេខ​នេះ ទុក​ប្រើប្រាស់​ពេញ​មួយជីវិត​ផងដែរ​។​

​នៅក្នុង​អនុក្រឹត្យ​នេះ​បាន​បញ្ជាក់ថា ផ្លាកលេខ​យានយន្ត​ពិសេស​នេះ ត្រូវ​សរសេរ​អក្សរ​ខ្មែរ​បញ្ជាក់ថា «​កម្ពុជា​» ពី​ខាងលើ ហើយ​ផ្នែក​កណ្តាល​ជា​លេខ​ចុះបញ្ជី​មាន​លេខ​ឬ​/​និង​អក្សរ​ឡាតាំង​មិន​លើសពី​៨​ខ្ទង់ និង​ផ្នែក​ខាងក្រោម​សរសេរ​អក្សរ​ឡាតាំង «CAMBODIA» នៅ​ពីក្រោម​បន្ទាប់​ផ្តេក​៕ ប្រភព​៖ Freshnews​

Leave a Reply

Your email address will not be published. Required fields are marked *