​ក្រសួង​ធនធានទឹក​គួរ​និយាយថាៈ ទឹក​ជន់ (​ឡើង​) យើង​ធ្វើ​ទំនប់ ប្រឡាយ​រំដោះ​ទឹក​…. រាំងស្ងួត យើង​មាន​ប្រព័ន្ធ​ស្តុក​បង្ហូរទឹក​… កុំ​ស្អីៗ​ព្រោះ​ធម្មជាតិ​!

​ការ​ជន់​លិច​ទីក្រុង និង​តំបន់​មួយចំនួន​កន្លងមក និង​បច្ចុប្បន្ននេះ វា​ពុំមែន​ជា​លើកទីមួយ​នោះទេ ។ ស្ថិតិ​នេះ ក្រសួង​ធនធានទឹក​ក្តាប់បាន​ច្បាស់ ។ យើង​មិន​លើក​បញ្ហា​ដដែលៗ​មក​និយាយ​ទេ ។​

​ប៉ុន្តែ កត្តា​គួរ​ឲ្យ​បារម្ភ​ពន់ពេក​នោះ គឺ​ស្ថានភាព​ជន់​លិច​នៅ​ទីក្រុង​ធំៗ ហើយ​សំខាន់ ។ ពិសេស នៅពេល​បង្ហារទឹក​ចេញពី​អាង​ស្តុក​ក្នុង​តំបន់​វា​រី​អគ្គិសនី គ្រា​សន្និធិ​របស់​វា​លើស​កំរិត (​កំពត​រង​ទទួល​) ។​

​សម្តេច​តេ​ជោ បាន​លើក​ជារឿយៗ​ពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ក្នុងនោះ​រឿង «​ធនធានទឹក​» ។ អាច​យល់​ខ្លី​ថា ទឹក​អាច​ច្រាន​ទូក​ឲ្យ​ឡើង តែ​វា​ក៏​អាច​ពន្លិច​ទូក​បានដែរ ។​

​អ៊ីចឹង យើង​គប្បី​ធ្វើ​បែបណា​? អាច​សិក្សា​អំពី​បទពិសោធន៍​របស់​អូទ្រីស​បានដែរ ឬ ទេ ។ ថ្លៃ​តែ​អាច​គៀងគរ​ជំនួយ​កម្ចី​បាន ។ សំខាន់​ណាស់​! លិច​កំពង់សោម ល្មម​ទេ បើ​ភ្នំពេញ ឬ សៀមរាប​វិញ នោះ​ស្ថានការណ៍​ទៅជា​យ៉ាងណា ។​

​តាំងពី​ឆ្នាំ​២០១០ នៅ Grein ប្រទេស​អូទ្រីស ក្រុមហ៊ុន IBS Technics បាន​សិក្សា និង​អនុវត្ត​ជោគជ័យ​នូវ​ទំនប់​ចល័ត ដែលមាន​របាំង​ទប់ទឹក​កម្ពស់​ដល់​ទៅ ៣,៦ ម៉ែត្រ ដែល​គេ​តម្រៀប​លើ​គ្រឹះ​កម្ពស់ ១ ម៉ែត្រ ។​

​នៅ​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ​២០១២ គេ​បាន​បង្កើន​កម្ពស់​បន្ថែម​តាមរយៈ​គ្រោងការណ៍ Machiand Dam ដែល​អាច​ទប់​ទល់នឹង​ទឹកជំនន់​កម្ពស់​ដល់​ទៅ ៤,៦ ម៉ែត្រ ឬ ស្មើនឹង​ផ្ទះ ២ ជាន់ ។ គេ​ក៏បាន​យក​វា​សាកល្បង គ្រា​ទឹកជំនន់​នៅ​ខែមិថុនា ឆ្នាំ​២០១៣ ហើយ​បញ្ជាក់ថា «​ជោគជ័យ​» ។​

​ពី​នោះមក វិធីសាស្ត្រ​ទប់ស្កាត់​ទឹកជំនន់​ដោយ​ប្រើប្រាស់​ទំនប់​ចល័ត​បែបនេះ​របស់​អូទ្រីស​ល្បី​ពេញ​ពិភពលោក ។​

២០ ទៅ ៣០ ឆ្នាំ កើតមាន​ម្តង គេ​ហៅថា «​គ្រោះធម្មជាតិ​» តែបើ​បួនដប់​ឆ្នាំ ឬ ២ ៣ ឆ្នាំ ម្តង នោះគេ​ហៅថា «​គ្រោះ​ដោយសារ​មនុស្ស​» ពិសេស​ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក កំពុង​រង​ការ​បំរែបំរួល​ធាតុអាកាស​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ។​

​បើ​ទឹក​១​លីត្រ​ចាក់​ចូល​កែវ​១​លីត្រ ពេលខ្លះ​គួប​នឹង​កត្តា​ផ្សេង ទឹក​ពុំ​ចាំបាច់​១​លីត្រ ក៏​វា​ហៀរ​ចេញ​ក្រៅ​ដែរ កុំ​ជឿ​លើ​ក្រដាស​លើ​ស្ថិតិ ជាអាទិ៍​៖ លទ្ធភាព​រំដោះ​ទឹក​តាម​ប្រឡាយ​លូ តែ​លូ​និង​ប្រឡាយ គេ​រំលោភ វា​ស្ទះ តើ​អាច​យកជាការ​បានដែរ ឬទេ​!?

​គិតថា ប្រសិនបើ​ក្រសួង​ធនធានទឹក​ច្របាច់​បញ្ចូល និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នោះ​បញ្ហា «​ទឹក​» ប្រហែល​ជាមាន​ដំណោះស្រាយ​រួម​ប្រសើរ​ជាង ។​

​គិតថាៈ គេ​រៀប​កៅអី​រួច ទើប​រក​មនុស្ស​ឲ្យ​មក​អង្គុយ ពុំមែន​ប្រមូល​មនុស្ស​ហើយ រក​កៅអី​ឲ្យ​អង្គុយ​នោះទេ​! ៕ បូព៌ា​

​ប្រិយមិត្ត​យល់​យ៉ាងណាដែរ​?​

Leave a Reply

Your email address will not be published. Required fields are marked *