មេរៀន១! ទោះបី​ត្រូវ​អ្នកធាក់ស៊ីក្លូ «​កាប់ឆៅ​»៖ ជិះ ៥ នាទី អស់​ជាង 100 $ ក្តី តែ​លោកតា​ជប៉ុន​ម្នាក់នេះ បែរជា​ពោលថាៈ ខុស​មកពី​ខ្ញុំ​ដែល​មុន​ជិះ​មិន​សួរ​តម្លៃ​!

​នៅ​ទីក្រុង​ព្រៃនគរ កាលពី​ថ្ងៃទី​០៣ ខែសីហា កន្លងមក លោកតា Oki Toshiyuki (​អាយុ ៨៣ ឆ្នាំ ជា​ភ្ញៀវទេសចរ​ជប៉ុន​) ចង់​ទស្សនា​ទីក្រុង​នេះ​នៅពេល​រាត្រី ។ ប៉ុន្តែ មិន​ត្រឹម​ពុំបាន​ទស្សនា​ទេសភាព​ដូច​បំណង​នោះទេ គាត់​បែរជា​ទទួលបាន​នូវ​មេរៀន​មួយ គឺៈ ក្រោយ​ការ​ជិះ​ស៊ីក្លូ ៥ នាទី គាត់​ត្រូវ​ចំណាយ​អស់ ២,៩ លាន​ដុង (​ប្រមាណ ១២៥ ដុល្លារ​) ។ ប៉ុន្តែ យ៉ាងនេះ​ក្តី គាត់​ទន្ទេញ​ជាប់មាត់​ថាៈ ខុស​មកពី​ខ្ញុំៗ ដែល​ពុំ​សួរ​ថ្លៃ​បាន​! ។​

​កូនប្រុស​គាត់​ដែល​កំពុង​រស់នៅ​ជាមួយ​ប្រពន្ធ និង​កូន​២​នាក់ នាទី​ក្រុង​នេះ​ឲ្យ​ដឹងថាៈ លើក​ទី​៥​ហើយ​ដែល​ឪពុក​ខ្ញុំ​រស់នៅ​តូ​ក្យូ មកលេង​ខ្ញុំ​ក្នុងអំឡុង ១០ ឆ្នាំ ដែល​ខ្ញុំ​ធ្វើការ​នៅទីនេះ ។ លោក​បញ្ជាក់​រឿង​រង​ការ «​កាប់ឆៅ​» ថាៈ នៅវេលា​ម៉ោង​ប្រមាណ ៦ ល្ងាច ឪពុក​ខ្ញុំ​ចេញពី​សណ្ឋាគារ ប៉ង​ដើរ​កំសាន្ត​ក្បែរៗ​នោះ ។ ដើរ​មួយសន្ទុះ ក៏មាន​ស៊ីក្លូ​មួយ​អែប​កៀក ហើយ​និយាយ​អ្វី​នោះ តែ​ឪពុក​ខ្ញុំ​ពុំ​យល់​ចេះតែ​ញញឹម​តប ។ បុរស​នោះ ក៏​ទាញ​រុញ​គាត់​ឲ្យ​ជិះ​ស៊ីក្លូ​របស់ខ្លួន ព្រមទាំង​ប្រើ​ភាសា «​អង់គ្លេស​» បន្តិចបន្តួច ។ លោកតា​ក៏​ឡើង​ជិះ ហើយ​គេ​ធាក់​ដល់​មាត់ទន្លេ ងាក​មក​ផ្សារ​ប៊េ​ន​ថា​ញ់ (BEN THANH) ក៏​វិល​មក​សណ្ឋាគារ​វិញ ។​

​មុនពេល​ស៊ីក្លូ​ទៅជិត​ដល់​សណ្ឋាគារ ឪពុក​គាត់​ពិតជា «​ស្ងប់​ស្ងែ​ង​» នឹង​ទឹកចិត្ត​របស់​អ្នកធាក់ស៊ីក្លូ​នោះ​ណាស់ ហើយ​គិតថា នឹង​ធូរ​លុយ ៥០ ម៉ឺន​ដុង (​ជាង ២០ ដុល្លារ​) ។​

​ប៉ុន្តែ ពេល​ដល់​សណ្ឋាគារ ទាញ​កាបូប​ចេញ​ប្រុង​ដក​ក្រដាស ៥០ ម៉ឺន ១​សន្លឹក ស្រាប់តែ​អ្នកធាក់ស៊ីក្លូ បានបង្ហាញ​កាយវិការ «​ទារ​បន្ថែម​» គាត់​នឹកថា​យល់ព្រម​ប្រុង​ដក​១​សន្លឹក​ទៀត តែ​បុរស​នោះ បាន​លូកដៃ​ទាញយក​អស់​ក្រដាស ៥០ ម៉ឺន ៥ សន្លឹក និង​ក្រដាស ២០ ម៉ឺន ២ សន្លឹក សរុប​គឺ ២៩០០.០០០ ដុង (​ប្រមាណ ១២៥ ដុល្លារ​) ហើយ​ឡើង​ស៊ីក្លូ​ចេញទៅ​បាត់ ទុក​ឲ្យ​ឪពុក​ខ្ញុំ​ស្រឡាំងកាំង​ម្នាក់ឯង ។​

​យ៉ាងនេះ​ក្តី ឪពុក​ខ្ញុំ​ពោលថាៈ ទេ​! ខុសពី​ពុក ដែល​ពុំ​សួរ​ថ្លៃ​គេ​មុន​! ។ គេ​គ្មាន​កំហុស​ទេ ។ គាត់​បាន​ផ្តាំ​ខ្ញុំ​ទៀតថា កុំ​ឲ្យ​និយាយ​រឿងនេះ ព្រោះ​វា​តូចតាច​ទេ ចៀសវាង​ប៉ះពាល់​ដល់​មុខមាត់​ទីក្រុង​មួយ ដែលមាន​ពលករ​រស់​នៅ​ជាង ១០ លាន​នាក់ ។​

​ប៉ុន្តែ កូន​គាត់​ទ្រាំ​ពុំបាន​ក៏​ចែករំលែក​… ។​

​នេះ​ជា​កាយវិការ ទស្សនៈ​របស់​ជនជាតិ​ជប៉ុន​ជាទូទៅ​!? ៕ ប៉ូ​ព៌ា​

Leave a Reply

Your email address will not be published. Required fields are marked *