​ឪពុកម្តាយ​យំ​ឡើង​សន្លប់​! ក្រោយ​បញ្ចប់​ពិធី​ឡើងគេហដ្ឋានថ្មី ​នាំគ្នា​រាប់​លុយ​ចំណងដៃ ក៏​ចាប់អារម្មណ៍​បាត់​ខ្លួន​កូនប្រុស​ស្រី ពេល​ទៅរក​មើល​ស្រះ​ទឹក​​ក្រោយផ្ទះ​ ពុទ្ធោ​អើយ​….

​នេះ​ជាហេតុ​ការណ៍​ដ៏​សោកសង្រេង ខ្លោចចិត្ត​បំផុត​មួយ ខណៈពេលដែល​ឪពុកម្តាយ​ស្រែកយំ​ដូច​អក បោក​ខ្លួន​ស្ទើរ​ស្លាប់ ព្រោះ​ពុំ​អាច​ទទួលយកបាន​សោះឡើយ ក្រោយ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ទើប​ចប់ បែរជា​កូនប្រុស​ស្រី​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ ស្លាប់​យ៉ាង​អាណោច​អាធ​ម​បែបនេះ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​អំឡុង​ម៉ោង​ប្រហែល ៣ រសៀល ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ក្រោយ​ក្រុមហ៊ុន​ទឹកស្អាត​ប្រហែល ៥០០ ម៉ែត្រ ភូមិ​គោ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​បងប្រុស​ម្តាយ​ក្មេងប្រុស​ស្រី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយ​ពិធី​ឡើងផ្ទះ​ថ្មី​ត្រូវបាន​បញ្ចប់ បងប្អូន​សាច់ញាតិ​មកពី​ចម្ងាយ បានចេញ​ទៅផ្ទះ​វិញ​អស់ ម្ចាស់ផ្ទះ​បាននាំគ្នា​យក​រាប់​ចំណង​ដៃ​មក​រាប់ ហើយ​ពេលនោះ ក៏​ចាប់អារម្មណ៍​បាត់​ខ្លួន​ទាំងពីរ និង​បាន​ស្រ​វេ​ស្រវា​ដើររក ទីបំផុត ក៏​ប្រទះឃើញ​ស្បែកជើង​ពួកគេ​នៅ​មាត់​ស្រះ​ទឹក ហើយក៏​ចុះ​រាវ​រកឃើញ​ក្មេង​ទាំង​២ ប៉ុន្តែ អ្វីៗ​បាន​ហួសពេល​អស់​ទៅហើយ ព្រោះ​ពួកគេ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា សព​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ជា ដាវ​រី អាយុ ៥ ឆ្នាំ មាន​ម្តាយ​ឈ្មោះ ង៉ាន់​សុជាតិ និង​ឪពុក ឈ្មោះ ដុក ធីតា ។ ចំណែក​សព​ក្មេងប្រុស​មានឈ្មោះ ត្រាំ សាន់ ប្រុស​អាយុ ៦ ឆ្នាំ មាន​ឪពុក​ឈ្មោះ ហេង ត្រា និង ម្តាយ​ឈ្មោះ ង៉ាន់ លី ។​

​តាម​លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា ក្រោយពី​មន្ត្រី​ជំនាញ​របស់លោក​ធ្វើការ​ត្រួតពិនិត្យ​រួច​បានធ្វើការ​សន្និដ្ឋានថា​ក្មេងរងគ្រោះ​ទាំង​២​នាក់ ពិតជា​បាន​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន គឺ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ណាមួយ​នោះទេ និង​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

Leave a Reply

Your email address will not be published. Required fields are marked *